អ្វីខ្លះដែលត្រូវធ្វើនៅពេលមិនមានអ្នកបកប្រែភាសាផ្ទាល់មាត់ ឬអ្នកបកប្រែភាសាសរសេរ ដែលមានការបញ្ជាក់ត្រឹមត្រូវ
នៅលើទំព័រនេះ
- ទាក់ទងអ្នកផ្តល់សេវាកម្មភាសា (language service provider, LSP)
- ប្រើវិធីសាស្រ្តដែលសហការគ្នាជាក្រុមសម្រាប់ការបកប្រែភាសាផ្ទាល់មាត់
- ទាក់ទងអង្គការអន្តរជាតិនានា
- តើត្រូវការការបកប្រែដោយអ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ទេ?
- ការព្រមានសំខាន់៖ កុំប្រើក្រុមគ្រួសារ ឬមិត្តភក្តិជាអ្នកបកប្រែភាសាផ្ទាល់មាត់
- តើត្រូវការជំនួយឬ?
ភាសាមួយចំនួនមានអ្នកបកប្រែភាសាផ្ទាល់មាត់ ឬអ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI តិចតួចណាស់ ឬគ្មានទាល់តែសោះនៅក្នុងប្រទេសអូស្ត្រាលី។ ប្រសិនបើអ្នកត្រូវការសេវាកម្មភាសាក្នុងស្ថានភាពទាំងនេះ អត្ថបទនេះពន្យល់ពីជម្រើសមួយចំនួន។
ទាក់ទងអ្នកផ្តល់សេវាកម្មភាសា (language service provider, LSP)
អ្នកផ្តល់សេវាកម្មភាសាអាចរកអ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់ម្នាក់ដែលមានបទពិសោធន៍ការងារ និងការបណ្តុះបណ្តាល ទោះបីជាពួកគេមិនមានវិញ្ញាបនបត្រកម្ម NAATI (certification) ក៏ដោយ។ សួរអំពីបទពិសោធន៍របស់ពួកគេ និងស្នើសុំឯកសារយោងនានា។
ប្រើវិធីសាស្រ្តដែលសហការគ្នាជាក្រុមសម្រាប់ការបកប្រែភាសាផ្ទាល់មាត់
ក្នុងស្ថានភាពខ្លះ អ្នកអាចស្នើសុំឱ្យបុគ្កលនិយាយពីរភាសាដែលនិយាយភាសានោះ ឱ្យបកប្រែជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ដែលនិយាយភាសាពាក់ព័ន្ធ។ វិធីសាស្រ្តដែលសហការគ្នាជាក្រុមនេះផ្តល់នូវការធានាគុណភាព ដោយសារអ្នកបកប្រែផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ អាចផ្តល់ដំបូន្មានដល់មនុស្សដែលនិយាយពីរភាសាអំពីរបៀបបកប្រែឱ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ វាអាចយឺតជាង ហើយចំណាយពេលយូរជាងធម្មតា។
ទាក់ទងអង្គការអន្តរជាតិនានា
ព្យាយាមទាក់ទងទៅ៖
- ការិយាល័យស្ថានទូត ឧត្តមស្នងការ ឬស្ថានកុងស៊ុល
- ស្ថាប័នទទួលស្គាល់ជាផ្លូវការអ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់នៅបរទេស
- សមាគមវិជ្ជាជីវៈអ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់នៅបរទេស
- AIIC (សមាគមអន្តរជាតិអ្នកបកប្រែភាសាផ្ទាល់មាត់សម្រាប់សន្និសីទ)
- សហព័ន្ធអន្តរជាតិអ្នកបកប្រែភាសាសរសេរ (សូមមើលបញ្ជីសមាជិកភាពដើម្បីមើលប្រទេសសមាជិកទាំងអស់ និងសមាគមវិជ្ជាជីវៈរបស់ពួកគេ)
- ATA (American Translators Association, សមាគមអ្នកបកប្រែភាសាសរសេរអាមេរិក)
- NZSTI (New Zealand Society of Translators and Interpreters, សមាគមអ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់នូវែលសេឡង់)
- អ្នកផ្តល់សេវាកម្មភាសានៅបរទេស
តើត្រូវការការបកប្រែដោយអ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ទេ?
ប្រសិនបើទីភ្នាក់ងាររដ្ឋាភិបាល ឬសាកលវិទ្យាល័យមួយតម្រូវឱ្យមានការបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI ហើយមិនអាចរកបានជាភាសារបស់អ្នកទេ សូមទាក់ទង NAATI។ យើងអាចផ្តល់ឱ្យអ្នកនូវលិខិតមួយដែលបញ្ជាក់ថាមិនអាចរកបានអ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមជាភាសារបស់អ្នកទេ។
ការព្រមានសំខាន់៖ កុំប្រើក្រុមគ្រួសារ ឬមិត្តភក្តិជាអ្នកបកប្រែភាសាផ្ទាល់មាត់
NAATI ណែនាំយ៉ាងខ្លាំងកុំប្រើសមាជិកគ្រួសារ ដៃគូ មិត្តភក្តិ ឬកូនៗជាអ្នកបកប្រែភាសាផ្ទាល់មាត់ ជាពិសេសក្នុងស្ថានភាពសំខាន់ៗដូចជា៖
- ការណាត់ជួបផ្នែកវេជ្ជសាស្ត្រ
- បញ្ហាផ្លូវច្បាប់
- សេវាកម្មរដ្ឋាភិបាលផ្លូវការ
សូមមើលដំបូន្មានរបស់យើងអំពីភាពខុសគ្នារវាងបុគ្កលនិយាយពីរភាសា និងអ្នកបកប្រែភាសាផ្ទាល់មាត់នៅទីនេះ។
តើត្រូវការជំនួយឬ?
ប្រសិនបើអ្នកមិនប្រាកដថាត្រូវធ្វើអ្វីខ្លះ សូមទាក់ទង NAATI ឬអ្នកផ្តល់សេវាកម្មភាសាសម្រាប់ដំបូន្មានអំពីជម្រើសដ៏ល្អបំផុតសម្រាប់ស្ថានភាពរបស់អ្នក។