ជ្រើសរើសភាសា

គេហទំព័រនេះនឹងបង្ហាញជាភាសាដែលអ្នកជ្រើសរើស។

ឯកសារបញ្ជាក់គុណវុឌ្ឍិរបស់ NAATI សម្រាប់ភាសាសញ្ញាអូស្ត្រាលី (Auslan) និងភាសាទំនាក់ទំនងដោយប្រើសញ្ញាផ្សេងទៀត

ចំណាត់​ក្រុម ធនធានអ្នកប្រើប្រាស់ បានផ្សាយ 30 ខែ​មករា 2026

ប្រសិនបើអ្នកត្រូវការទំនាក់ទំនងជាមួយមនុស្សថ្លង់ ឬមនុស្សពិបាកស្តាប់ឮ អ្នកប្រហែលជាត្រូវទាក់ទិនអ្នកបកប្រែភាសាផ្ទាល់មាត់ (interpreter) សម្រាប់ភាសា Auslan ឬអ្នកបកប្រែភាសាផ្ទាល់មាត់សម្រាប់មនុស្សថ្លង់ ឬអ្នកបកប្រែភាសាសរសេរ (translator) ពីអក្សរភាសាអង់គ្លេសទៅភាសា Auslan ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI (NAATI-certified)។

ចំនួនអ្នកបកប្រែភាសាផ្ទាល់មាត់ដែលត្រូវកក់

រយៈពេល និងភាពស្មុគស្មាញនៃព្រឹត្តិការណ៍ កិច្ចប្រជុំ ឬការណាត់ជួបរបស់អ្នក នឹងកំណត់ចំនួនអ្នកបកប្រែភាសាផ្ទាល់មាត់ដែលអ្នកត្រូវការកក់។

សម្រាប់ការណាត់ជួបមួយទល់នឹងមួយរយៈពេលមួយម៉ោង (ដូចជាការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬកិច្ចសម្ភាសន៍ឪពុកម្តាយ-គ្រូបង្រៀន) ជាធម្មតា មានអ្នកបកប្រែភាសាផ្ទាល់មាត់ម្នាក់គឺសមរម្យ។ ទោះយ៉ាងណាក៏ដោយ សម្រាប់ការចូលរួមទាក់ទិនអ្នកចូលរួមច្រើនជាងពីរនាក់ (ដូចជាកិច្ចប្រជុំនៅកន្លែងធ្វើការ សិក្ខាសាលាតាមអ៊ីនធឺណិត ឬបទបង្ហាញសន្និសីទ) អ្នកប្រហែលជាត្រូវការកក់អ្នកបកប្រែភាសាផ្ទាល់មាត់ពីរនាក់។ ការកក់អ្នកបកប្រែភាសាផ្ទាល់មាត់ពីរនាក់គាំទ្រដល់លំហូរនៃការទំនាក់ទំនង និងអនុញ្ញាតឱ្យអ្នកបកប្រែភាសាផ្ទាល់មាត់ប្ដូរវេនគ្នា និងសម្រាកនៅពេលចាំបាច់។

ការជ្រើសរើសវិញ្ញាបនបត្រកម្មដែលត្រឹមត្រូវ (certification)

NAATI ផ្តល់វិញ្ញាបនបត្រកម្មខុសៗគ្នាជាច្រើនសម្រាប់អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ដែលគាំទ្រការទំនាក់ទំនងជាមួយមនុស្សថ្លង់ ឬមនុស្សពិបាកស្តាប់ឮ។ វាជាការសំខាន់ក្នុងការជួលអ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានប្រភេទវិញ្ញាបនបត្រកម្មសមស្របទៅនឹងតម្រូវការស្ថានភាព និងការទំនាក់ទំនងរបស់អ្នក។

ដើម្បីទទួលបានការបញ្ជាក់ត្រឹមត្រូវពី NAATI អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវកជាមុនផ្សេងៗមុនពេលអង្គុយធ្វើតេស្តវិញ្ញាបនបត្រកម្ម។ ឯកសារបញ្ជាក់គុណវុឌ្ឍិនីមួយៗមានឈុតនៃលក្ខខណ្ឌតម្រូវជាមុនរៀងៗខ្លួន (ឧទាហរណ៍ កម្រិតខុសៗគ្នានៃការបណ្តុះបណ្តាលដែលតម្រូវ) ប៉ុន្តែលក្ខខណ្ឌតម្រូវជាមុនទាំងអស់នោះ រួមមាន៖

  • ការបណ្តុះបណ្តាលផ្លូវការ ក្នុងការបកប្រែភាសាសរសេរ ឬការបកប្រែភាសាផ្ទាល់មាត់
  • សមត្ថភាពជំនាញភាសា
  • សមត្ថភាពផ្នែកសីលធម៌៖ ចំណេះដឹង និងការយល់ដឹងអំពីក្រមសីលធម៌ពាក់ព័ន្ធ ដែលអ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ទាំងអស់ដែលមានការបញ្ជាក់ត្រឹមត្រូវត្រូវបានចងភ្ជាប់។
  • សមត្ថភាពផ្នែកអន្តរវប្បធម៌៖ ចំណេះដឹង និងជំនាញដែលត្រូវបានតម្រូវដើម្បីធ្វើការឆ្លងគ្រប់វប្បធម៌នៅក្នុងបរិបទអូស្ត្រាលី។

អ្នកបកប្រែភាសាសរសេរ ឬអ្នកបកប្រែភាសាផ្ទាល់មាត់ដែលប្រកបវិជ្ជាជីវៈមានការទទួលស្គាល់ (Recognised Practising Interpreters) ធ្វើការជាមួយភាសាសញ្ញាដែលមានតម្រូវការទាប (ដូចជាភាសាសញ្ញានូវែលសេឡង់ និងការបកប្រែភាសាផ្ទាល់មាត់សម្រាប់មនុស្សថ្លង់រវាងភាសាសញ្ញាអាមេរិកកាំង និងភាសា Aulan) ដែលមិនមានការធ្វើតេស្ត NAATI។ NAATI មិនទាន់បានធ្វើតេស្តជំនាញរបស់ពួកគេនៅឡើយទេ ប៉ុន្តែបានបំពេញតាមលក្ខខណ្ឌតម្រូវក្នុងការបណ្តុះបណ្តាលអប្បបរមា និងមានបទពិសោធន៍បកប្រែភាសាសរសេរជាប្រចាំក្នុងពេលថ្មីៗនេះ។

អ្នកបកប្រែភាសាភាសាផ្ទាល់មាត់បណ្ដោះអាសន្នដែលមានការបញ្ជាក់ត្រឹមត្រូវ បានធ្វើតេស្តជំនាញបកប្រែភាសាផ្ទាល់មាត់របស់ពួកគេសម្រាប់ការសន្ទនាទូទៅ មិនស្មុគស្មាញ ជាទូទៅរវាងមនុស្សពីរនាក់។ ឧទាហរណ៍ ពួកគេអាចបកប្រែទាក់ទងនឹងការណាត់ជួបជាមួយវេជ្ជបណ្ឌិតពិនិត្យរោគទូទៅ (GP) ការធ្វើតេស្តបើកបរ កិច្ចសម្ភាសន៍ឪពុកម្តាយ-គ្រូបង្រៀន ព្រឹត្តិការណ៍សហគមន៍ និងការណាត់ជួបសេវាសង្គម។ ពាក្យថា ‘បណ្ដោះអាសន្ន’ ត្រូវបានប្រើដោយសារតែ NAATI មិនបានវាយតម្លៃជំនាញបកប្រែភាសាផ្ទាល់មាត់ទូលំទូលាយ ដែលបានធ្វើតេស្តនៅកម្រិតអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវនៅឡើយ។

កិច្ចការដែលត្រូវវាយតម្លៃដោយ NAATI
  • ការបកប្រែភាសាផ្ទាល់មាត់ជួបទល់មុខផ្ទាល់ (ឬវីដេអូ) រវាងភាសាអង់គ្លេស និងភាសា Auslan ដែលបានសម្របសម្រួលដោយអ្នកសម្ដែងផ្ទាល់
  • ការបកប្រែភាសាផ្ទាល់មាត់ពីការនិយាយដ៏វែង​​របស់​មនុស្ស​តែ​ម្នាក់ ទៅភាសា Auslan (ការបកប្រែភាសាផ្ទាល់មាត់ក្នុងពេលដំណាលគ្នា)។

អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ (Certified Interpreters) អាចធ្វើការបកប្រែស្មុគស្មាញក្នុងស្ថានភាពភាគច្រើន រួមទាំងក្នុងបរិបទសុខភាព និងផ្លូវច្បាប់។ ឧទាហរណ៍ ពួកគេអាចបកប្រែភាសាផ្ទាល់មាត់សម្រាប់ការណាត់ជួបផ្នែកវេជ្ជសាស្ត្រជាមួយអ្នកឯកទេស ការបង្រៀននៅសាកលវិទ្យាល័យ កិច្ចប្រជុំអាជីវកម្ម និងការណាត់ជួបផ្នែកច្បាប់មួយចំនួន។

កិច្ចការដែលត្រូវវាយតម្លៃដោយ NAATI
  • ការបកប្រែភាសាផ្ទាល់មាត់សម្រាប់កិច្ចសន្ទនារវាងមនុស្សពីរនាក់
  • ការបកប្រែភាសាផ្ទាល់មាត់នៃឯកសារនានាពីការសរសេរជាភាសាអង់គ្លេស ទៅភាសា Auslan (sight translation)។
  • ការបកប្រែភាសាផ្ទាល់មាត់ពីការនិយាយដ៏វែង​​របស់​មនុស្ស​តែ​ម្នាក់ (ការបកប្រែភាសាផ្ទាល់មាត់ក្នុងពេលដំណាលគ្នា)

អ្នកបកប្រែភាសាផ្ទាល់មាត់ឯកទេសផ្នែកសុខភាពដែលមានការបញ្ជាក់ត្រឹមត្រូវ (Certified Specialist Health Interpreters) គឺជាអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានបទពិសោធន៍ និងមានសមត្ថភាពកម្រិតខ្ពស់ ដែលជាអ្នកជំនាញក្នុងការបកប្រែភាសាផ្ទាល់មាត់នៅក្នុងបរិបទសុខភាព។ ពួកគេបានប្រឡងជាប់ការធ្វើតេស្តចំណេះដឹងផ្នែកវេជ្ជសាស្ត្រ អំពីចំណេះដឹងផ្នែកវេជ្ជសាស្ត្រទូទៅ និងតួនាទីរបស់អ្នកបកប្រែក្នុងវិស័យថែទាំសុខភាព។ ពួកគេក៏បានប្រឡងជាប់ការធ្វើតេស្តបកប្រែភាសាផ្ទាល់មាត់ដែលវាយតម្លៃសមត្ថភាពរបស់ពួកគេផងដែរ នៅក្នុងការបកប្រែភាសាផ្ទាល់មាត់នៅក្នុងការទំនាក់ទំនងរវាងអ្នកជំនាញការ ទៅអ្នកជំនាញការ (ដូចជានៅពេលវេជ្ជបណ្ឌិតនិយាយជាមួយអ្នកជំនាញសុខភាពម្នាក់ទៀតអំពីអ្នកជំងឺ) និងបកប្រែភាសាផ្ទាល់មាត់នៅក្នុងបរិបទសុខភាពផ្លូវចិត្ត។

ពួកគេបានធ្វើការជាអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ និងបានទទួលការបណ្តុះបណ្តាលឯកទេសមុនពេលឡើងដល់កម្រិតនេះ។

កិច្ចការដែលត្រូវវាយតម្លៃដោយ NAATI
  • ការធ្វើតេស្តចំណេះដឹងផ្នែកសុខភាព
  • ការបកប្រែភាសាផ្ទាល់មាត់ពីការនិយាយដ៏វែង​​របស់​មនុស្ស​តែ​ម្នាក់ រួមទាំងអំពីសុខភាពផ្លូវចិត្ត (ការបកប្រែភាសាផ្ទាល់មាត់ក្នុងពេលដំណាលគ្នា)
  • ការបកប្រែភាសាផ្ទាល់មាត់ពីការផ្តោះប្ដូរការនិយាយភាសាតែមួយ (ការបកប្រែភាសាផ្ទាល់មាត់ក្នុងពេលដំណាលគ្នា ពីអ្នកនិយាយភាសាអង់គ្លេសច្រើននាក់ក្នុងបរិបទស្មុគស្មាញ)

អ្នកបកប្រែភាសាផ្ទាល់មាត់ឯកទេសផ្នែកច្បាប់ដែលមានការបញ្ជាក់ត្រឹមត្រូវ (Certified Specialist Legal Interpreters) គឺជាអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានបទពិសោធន៍ និងមានសមត្ថភាពកម្រិតខ្ពស់ ដែលជាអ្នកជំនាញក្នុងការបកប្រែភាសាផ្ទាល់មាត់ក្នុងបរិបទផ្នែកច្បាប់។ ពួកគេបានប្រឡងជាប់ការតេស្តចំណេះដឹងផ្នែកច្បាប់ អំពីចំណេះដឹងផ្នែកច្បាប់ទូទៅ និងតួនាទីរបស់អ្នកបកប្រែភាសាផ្ទាល់មាត់ក្នុងបរិបទផ្នែកច្បាប់។ ពួកគេក៏បានប្រឡងជាប់ការធ្វើតេស្តបកប្រែភាសាផ្ទាល់មាត់ដែលវាយតម្លៃសមត្ថភាពរបស់ពួកគេក្នុងការបកប្រែភាសាផ្ទាល់មាត់នៅក្នុងការទំនាក់ទំនងរវាងអ្នកជំនាញ ទៅអ្នកជំនាញ (ដូចជាការផ្លាស់ប្តូររវាងចៅក្រម និងមេធាវី) និងការសួរសាក្សីរបស់ភាគីបដិបក្ខនៅក្នុងបន្ទប់តុលាការ។

ពួកគេបានធ្វើការជាអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ និងបានទទួលការបណ្តុះបណ្តាលឯកទេសមុនពេលឡើងដល់កម្រិតនេះ។

កិច្ចការដែលត្រូវវាយតម្លៃដោយ NAATI
  • ការធ្វើតេស្តចំណេះដឹងផ្នែកច្បាប់
  • កិច្ចការសម្រង់កិច្ចសន្ទនា (ការបកប្រែភាសាផ្ទាល់មាត់បន្តជាប់ៗគ្នា ឬការបកប្រែភាសាផ្ទាល់មាត់ក្នុងពេលដំណាលគ្នានៃសេណារីយ៉ូការសួរសាក្សីរបស់ភាគីបដិបក្ខបែបចម្លងត្រាប់)
  • ការបកប្រែភាសាផ្ទាល់មាត់ពីការនិយាយដ៏វែង​​របស់​មនុស្ស​តែ​ម្នាក់ (ការបកប្រែភាសាផ្ទាល់មាត់ក្នុងពេលដំណាលគ្នា)
  • ការបកប្រែភាសាផ្ទាល់មាត់ពីការផ្តោះប្ដូរការនិយាយភាសាតែមួយ (ការបកប្រែភាសាផ្ទាល់មាត់ក្នុងពេលដំណាលគ្នា ពីអ្នកនិយាយភាសាអង់គ្លេសច្រើននាក់ក្នុងបរិបទស្មុគស្មាញ)

អ្នកបកប្រែភាសាផ្ទាល់មាត់សម្រាប់សន្និសីទដែលមានការបញ្ជាក់ត្រឹមត្រូវ (Certified Conference Interpreters) ធ្វើការនៅក្នុងបរិបទសន្និសីទកម្រិតខ្ពស់។ ឧទាហរណ៍ ពួកគេអាចបកឯកសារសន្និសីទដែលផ្តល់ដោយអ្នកសិក្សាដែលថ្លង់ ទៅភាសាអង់គ្លេស ឬពួកគេអាចបកឯកសារសន្និសីទដែលផ្តល់ដោយអ្នកស្រាវជ្រាវដែលនិយាយភាសាអង់គ្លេស ទៅភាសា Auslan។ ឯកសារបញ្ជាក់គុណវុឌ្ឍិរបស់ពួកគេគ្របដណ្តប់លើទិសដៅភាសាមួយ (ឧទាហរណ៍ភាសា Auslan ទៅភាសាអង់គ្លេស ឬភាសាអង់គ្លេសទៅជា Auslan) ទោះជាយ៉ាងណាក៏ដោយ អ្នកបកប្រែភាសាផ្ទាល់មាត់មួយចំនួនមានការរួមផ្សំភាសាច្រើន។

កិច្ចការដែលត្រូវវាយតម្លៃដោយ NAATI
  • ការបកប្រែភាសាផ្ទាល់មាត់ពីការនិយាយដ៏វែង​​របស់​មនុស្ស​តែ​ម្នាក់ (ការបកប្រែភាសាផ្ទាល់មាត់ក្នុងពេលដំណាលគ្នា) នៃការនិយាយដែលមើលឃើញ និងមើលមិនឃើញ

អ្នកបកប្រែភាសាផ្ទាល់មាត់ដែលប្រកបរបរវិជ្ជាជីវៈមានការទទួលស្គាល់សម្រាប់មនុស្សថ្លង់ហើយងងឹតភ្នែក (Recognised Practising Deafblind Interpreters) គាំទ្រការទំនាក់ទំនងជាមួយមនុស្សថ្លង់ហើយងងឹតភ្នែក។ ពួកគេនឹងផ្ដល់ព័ត៌មានដែលអាចមើលឃើញ ដូចជាការពណ៌នាអំពីបរិស្ថាន ការបញ្ចេញទឹកមុខ ឬប្រតិកម្ម បន្ថែមពីលើព័ត៌មានដែលនិយាយ ឬព័ត៌មានដែលប្រើសញ្ញា។ អ្នកបកប្រែភាសាផ្ទាល់មាត់សម្រាប់មនុស្សថ្លង់ហើយងងឹតភ្នែក ប្រើបច្ចេកទេសទំនាក់ទំនងជាច្រើន រួមទាំងភាសាសញ្ញានៃកាយវិញ្ញាណ ការកំណត់រូបសញ្ញាក្នុងចម្ងាយជិត ការកំណត់រូបសញ្ញាក្នុងស៊ុមដែលអាចមើលឃើញ ការប្រកបពាក្យដោយប្រើម្រាមដៃ និងការទំនាក់ទំនងដែលស្ទាបប៉ះគ្នាខាងសង្គម។

អ្នកបកប្រែភាសាផ្ទាល់មាត់ដែលប្រកបវិជ្ជាជីវៈមានការទទួលស្គាល់សម្រាប់មនុស្សថ្លង់ហើយងងឹតភ្នែក មិនទាន់បានធ្វើតេស្តជំនាញបកប្រែភាសាផ្ទាល់មាត់សម្រាប់មនុស្សថ្លង់ហើយងងឹតភ្នែករបស់ពួកគេដោយផ្ទាល់ពី NAATI នៅឡើយទេ ប៉ុន្តែបានបំពេញតាមលក្ខខណ្ឌតម្រូវក្នុងការបណ្តុះបណ្តាលអប្បបរមា មានបទពិសោធន៍បកប្រែភាសាផ្ទាល់មាត់ក្នុងពេលថ្មីៗជាប្រចាំ និងមានវិញ្ញាបនបត្រកម្ម NAATI ក្នុងការបកប្រែភាសាផ្ទាល់មាត់ជាភាសា Auslan ឬភាសាសម្រាប់មនុស្សថ្លង់។

អ្នកបកប្រែភាសាផ្ទាល់មាត់បណ្ដោះអាសន្នដែលមានការបញ្ជាក់ត្រឹមត្រូវសម្រាប់មនុស្សថ្លង់ (Certified Provisional Deaf Interpreters) គឺជាអ្នកបកប្រែផ្ទាល់មាត់សម្រាប់មនុស្សថ្លង់ដែលមានជំនាញទំនាក់ទំនងដែលអាចមើលឃើញ និងតាមកាយវិការកម្រិតខ្ពស់។ អ្នកបកប្រែភាសាផ្ទាល់មាត់សម្រាប់មនុស្សថ្លង់ធ្វើការរួមគ្នាជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់ (ការស្តាប់ឮ) ក្នុងភាសា Auslan ដើម្បីធានាបាននូវការចូលប្រើប្រាស់សម្រាប់មនុស្សថ្លង់ដែលមិនចេះភាសា Auslan បានស្ទាត់។

មនុស្សថ្លង់អាចត្រូវការអ្នកបកប្រែភាសាផ្ទាល់មាត់សម្រាប់មនុស្សថ្លង់ ប្រសិនបើពួកគេ៖

  • មានពិការភាពផ្នែកវិញ្ញាណ ឬការយល់ដឹង
  • ទើបតែធ្វើចំណាកស្រុកមកកាន់ប្រទេសអូស្ត្រាលីក្នុងពេលថ្មីៗនេះ និងប្រើសញ្ញាជាភាសាផ្សេងក្រៅពីភាសា Auslan
  • មានជំនាញភាសា Auslan ធម្មតាមានកម្រិត។
កិច្ចការដែលត្រូវវាយតម្លៃដោយ NAATI
  • ការបកប្រែភាសាផ្ទាល់មាត់ពីការសន្ទនា (ការបកប្រែភាសាផ្ទាល់មាត់បន្តជាប់ៗគ្នា និងក្នុងពេលដំណាលគ្នា)
  • ការបកប្រែភាសាផ្ទាល់មាត់នៃឯកសារនានាពីភាសាអង់គ្លេសជាលាយលក្ខណ៍អក្សរ ទៅភាសា Auslan និងពីភាសាអង់គ្លេសជាលាយលក្ខណ៍អក្សរ ទៅភាសាសញ្ញាមិនធម្មតា (Non-Conventional Sign Language)

អ្នកបកប្រែភាសាសរសេរដែលប្រកបវិជ្ជាជីវៈមានការទទួលស្គាល់ (Recognised Practising Translators) (ភាសាអង់គ្លេសជាលាយលក្ខណ៍អក្សរ ទៅភាសា Auslan) បកប្រែឯកសារជាភាសាសរសេរ ឬវីដេអូជាភាសាអង់គ្លេស ទៅភាសា Auslan។ ពួកគេមិនទាន់បានធ្វើតេស្តជំនាញរបស់ពួកគេដោយ NAATI នៅឡើយទេ ប៉ុន្តែបានបំពេញតាមលក្ខខណ្ឌតម្រូវក្នុងការបណ្តុះបណ្តាលអប្បបរមា និងមានបទពិសោធន៍បកប្រែភាសាផ្ទាល់មាត់ក្នុងពេលថ្មីៗនេះជាប្រចាំ។

ស្វែងយល់បន្ថែមអំពីប្រព័ន្ធវិញ្ញាបនបត្រកម្ម (Certification System) នៅលើគេហទំព័រ NAATI

តើទំព័រនេះមានប្រយោជន៍ទេ?(តម្រូវឲ្យមាន)

មតិកែលម្អរបស់អ្នកជួយយើងកែលម្អទំព័រនេះ ហើយ NAATI ប្រើមតិកែលម្អនេះដើម្បីកែលម្អគេហទំព័ររបស់យើង។

ប្រសិនបើអ្នកត្រូវការការឆ្លើយតប សូមប្រើទម្រង់បែបបទទំនាក់ទំនងមកយើងរបស់យើង។

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.