ជ្រើសរើសភាសា

គេហទំព័រនេះនឹងបង្ហាញជាភាសាដែលអ្នកជ្រើសរើស។

ការជ្រើសរើសអ្នកជំនាញវិជ្ជាជីវៈដែលសមស្របសម្រាប់ការងារ៖ ទិដ្ឋភាពទូទៅនៃឯកសារបញ្ជាក់គុណវុឌ្ឍិ NAATI

ចំណាត់​ក្រុម ធនធានអ្នកប្រើប្រាស់ បានផ្សាយ 30 ខែ​មករា 2026

នៅលើទំព័រនេះ


នៅពេលអ្នកត្រូវការបកប្រែឯកសារនានា ឬទំនាក់ទំនងជាមួយនរណាម្នាក់ដែលនិយាយភាសាខុសគ្នា វាជាការសំខាន់ណាស់ក្នុងការស្វែងរកអ្នកជំនាញវិជ្ជាជីវៈត្រឹមត្រូវដើម្បីជួយអ្នក។ អ្នកបកប្រែភាសាសរសេរធ្វើការជាមួយអត្ថបទជាលាយលក្ខណ៍អក្សរ ខណៈពេលដែលអ្នកបកប្រែភាសាផ្ទាល់មាត់ធ្វើការជាមួយការទំនាក់ទំនងដោយនិយាយ ឬដោយប្រើសញ្ញា។

ប្រព័ន្ធវិញ្ញាបនបត្រកម្មរបស់ NAATI រួមមានឯកសារបញ្ជាក់គុណវុឌ្ឍិអ្នកបកប្រែភាសាសរសេរចំនួនបី និងឯកសារបញ្ជាក់គុណវុឌ្ឍិអ្នកបកប្រែភាសាផ្ទាល់មាត់ចំនួនប្រាំមួយ។ ប្រព័ន្ធនេះនឹងជួយអ្នកឱ្យយល់ដឹងថាតើឯកសារបញ្ជាក់គុណវុឌ្ឍិនីមួយៗគឺសម្រាប់អ្វី។

NAATI មិនផ្តល់ជូនការធ្វើតេស្តគ្រប់ភាសា ឬគ្រប់កម្រិតទេ។ ប្រសិនបើការធ្វើតេស្តមិនមានជាភាសារបស់អ្នកទេ នោះអ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់នៅតែអាចទទួលបានឯកសារបញ្ជាក់គុណវុឌ្ឍិក្នុងការអនុវត្តវិជ្ជាជីវៈដែលមានការទទួលស្គាល់ ដែលបង្ហាញថាពួកគេមានការបណ្តុះបណ្តាល និងជំនាញភាសាដែលតម្រូវ។

សូមចងចាំថា សូម្បីតែអ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានឯកសារបញ្ជាក់គុណវុឌ្ឍិដូចគ្នា ក៏អាចមានផ្នែកនៃជំនាញការខុសគ្នាដែរ។ សូមប្រើបញ្ជីរាយឈ្មោះតាមអនឡាញរបស់ NAATI ដើម្បីស្វែងរកអ្នកអនុវត្តវិជ្ជាជីវៈដែលមានគុណវុឌ្ឍិ និងស្វែងយល់បន្ថែមអំពីបទពិសោធន៍ និងគុណវុឌ្ឍិជាក់លាក់របស់ពួកគេ។

សម្រាប់ព័ត៌មានបន្ថែមអំពីប្រព័ន្ធវិញ្ញាបនបត្រកម្ម NAATI សូមចូលមើលគេហទំព័រ NAATI

លក្ខខណ្ឌតម្រូវជាមុន

ដើម្បីទទួលបានការបញ្ជាក់ត្រឹមត្រូវពី NAATI, អ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ទាំងអស់ត្រូវតែបំពេញតាមលក្ខខណ្ឌតម្រូវជាមុនមួយចំនួន។ ឯកសារបញ្ជាក់គុណវុឌ្ឍិនីមួយៗមានឈុតនៃលក្ខខណ្ឌតម្រូវជាមុនរៀងៗខ្លួន (ឧទាហរណ៍ កម្រិតខុសៗគ្នានៃការបណ្តុះបណ្តាលដែលតម្រូវ) ប៉ុន្តែលក្ខខណ្ឌតម្រូវជាមុនទាំងអស់នោះ រួមមាន៖

  • ការបណ្តុះបណ្តាលផ្លូវការ ក្នុងការបកប្រែភាសាសរសេរ ឬការបកប្រែភាសាផ្ទាល់មាត់
  • សមត្ថភាពជំនាញផ្នែកភាសាអង់គ្លេស ឬភាសាសញ្ញាអូស្ត្រាលី (Auslan)
  • សមត្ថភាពផ្នែកសីលធម៌៖ ចំណេះដឹង និងការយល់ដឹងអំពីក្រមសីលធម៌ពាក់ព័ន្ធដែលអ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវទាំងអស់ត្រូវបានចងភ្ជាប់
  • សមត្ថភាពផ្នែកអន្តរវប្បធម៌៖ ចំណេះដឹង និងជំនាញដែលត្រូវបានតម្រូវដើម្បីធ្វើការឆ្លងគ្រប់វប្បធម៌នៅក្នុងបរិបទអូស្ត្រាលី។

ឯកសារបញ្ជាក់គុណវុឌ្ឍិអ្នកបកប្រែភាសាសរសេរ

មានឯកសារបញ្ជាក់គុណវុឌ្ឍិអ្នកបកប្រែភាសាសរសេរចំនួនបីដែលបង្ហាញពីកម្រិតជំនាញ និងបទពិសោធន៍ខុសៗគ្នា។

អ្នកអនុវត្តវិជ្ជាជីវៈដែលមានឯកសារបញ្ជាក់គុណវុឌ្ឍិជាអ្នកបកប្រែភាសាសរសេរ អាចបកប្រែឯកសារស្មុគស្មាញ និងមិនស្មុគស្មាញពីភាសាមួយទៅភាសាមួយទៀត។ ពួកគេក៏អាចពិនិត្យឡើងវិញ និងកែសម្រួលការបកប្រែភាសាសរសេរដែលមានស្រាប់ ដើម្បីធានាថាវាត្រឹមត្រូវ។ អ្នកបកប្រែភាសាសរសេរអាចធ្វើការក្នុងទិសដៅតែមួយ ឬទិសដៅពីរប៉ុណ្ណោះ៖ ឧទាហរណ៍ ពីភាសាប៉ូឡូញ ទៅភាសាអង់គ្លេស និង/ឬពីភាសាអង់គ្លេស ទៅភាសាប៉ូឡូញ។

អ្នកបកប្រែភាសាសរសេរដែលប្រកបវិជ្ជាជីវៈមានការទទួលស្គាល់ មិន​ទាន់​បាន​ធ្វើតេស្ត​ជំនាញ​របស់​ពួកគេ​ដោយ NAATI ទេ ប៉ុន្តែ​បាន​បញ្ចប់​ការបណ្តុះបណ្តាល​អប្បបរមា និង​លក្ខខណ្ឌតម្រូវជាមុន ព្រមទាំង​មាន​បទពិសោធន៍​លើការបកប្រែ​ភាសាសរសេរជាប្រចាំក្នុងពេល​ថ្មីៗ​នេះ។ ជាធម្មតា ពួកគេ​ធ្វើការ​ក្នុង​ភាសា​មួយចំនួនដែល​មិនមាន​ការធ្វើតេស្ត NAATI។

ប្រសិនបើ​មិនមាន​អ្នកបកប្រែ​ភាសាសរសេរដែលមាន​វិញ្ញាបនបត្រ​កម្មសម្រាប់​ភាសា​មួយ​ទេ អ្នកបកប្រែភាសាសរសេរដែលប្រកបវិជ្ជាជីវៈមានការទទួលស្គាល់​ អាច​ត្រូវបាន​ស្នើសុំ​ឱ្យ​បំពេញការងារ​ដូចគ្នានឹង​អ្នក​ដែលមាន​វិញ្ញាបនបត្រកម្ម​ដែរ។

អ្នកបកប្រែភាសាសរសេរដែលមានការបញ្ជាក់ត្រឹមត្រូវ បានបំពេញការបណ្តុះបណ្តាលអប្បបរមា និងលក្ខខណ្ឌតម្រូវជាមុន ហើយត្រូវបាន NAATI ធ្វើតេស្តជំនាញរបស់ពួកគេ។ នេះគឺជាឯកសារបញ្ជាក់គុណវុឌ្ឍិអ្នកបកប្រែភាសាសរសេរខ្ពស់បំផុតដែលមាននៅក្រោមប្រព័ន្ធវិញ្ញាបនបត្រកម្ម។

កិច្ចការដែលត្រូវវាយតម្លៃដោយ NAATI
  • ការបកប្រែអត្ថបទស្មុគស្មាញ ប៉ុន្តែមិនមែនឯកទេស
  • ការពិនិត្យឡើងវិញនៃការបកប្រែដែលស្មុគស្មាញ ប៉ុន្តែមិនមែនឯកទេស

អ្នកបកប្រែភាសាសរសេរកម្រិតខ្ពស់ដែលមានការបញ្ជាក់ត្រឹមត្រូវ ទទួលបានឯកសារបញ្ជាក់គុណវុឌ្ឍិខ្ពស់ជាងនៅក្រោមប្រព័ន្ធការទទួលស្គាល់ជាផ្លូវការរបស់ NAATI ពីមុន (មុនឆ្នាំ 2018)។ ការធ្វើតេស្តលែងមានទៀតហើយ ប៉ុន្តែអ្នកបកប្រែភាសាសរសេរមួយចំនួននៅតែមានឯកសារបញ្ជាក់គុណវុឌ្ឍិនេះ។

ឯកសារបញ្ជាក់គុណវុឌ្ឍិអ្នកបកប្រែភាសាផ្ទាល់មាត់

មានឯកសារបញ្ជាក់គុណវុឌ្ឍិអ្នកបកប្រែភាសាផ្ទាល់មាត់ចំនួនប្រាំមួយនៅទូទាំងវិស័យសំខាន់ពីរគឺ ការបកប្រែផ្ទាល់មាត់សម្រាប់សហគមន៍ និងការបកប្រែផ្ទាល់មាត់សម្រាប់សន្និសីទ។

អ្នកបកប្រែផ្ទាល់មាត់អនុវត្តវិជ្ជាជីវៈមានការទទួលស្គាល់ មិន​ទាន់​បាន​ធ្វើតេស្ត​ជំនាញ​របស់​ពួកគេ​ដោយ NAATI ប៉ុន្តែ​បាន​បញ្ចប់​ការបណ្តុះបណ្តាល​អប្បបរមា និងលក្ខខណ្ឌ​តម្រូវជាមុន ព្រមទាំង​មាន​បទពិសោធន៍​ក្នុងការបកប្រែ​ភាសាផ្ទាល់មាត់ជាប្រចាំ​ក្នុងពេលថ្មីៗ​នេះ។ ជាធម្មតា​ពួកគេ​ធ្វើការ​ក្នុង​ភាសាមួយចំនួន​ដែល​មិនមាន​ការធ្វើតេស្ត NAATI។

ប្រសិនបើ​មិនមាន​អ្នកបកប្រែភាសាផ្ទាល់មាត់​ដែលមាន​វិញ្ញាបនបត្រ​កម្មសម្រាប់​ភាសា​ណាមួយ​ទេ អ្នកបកប្រែភាសា​ផ្ទាល់មាត់អនុវត្តវិជ្ជាជីវៈដែល​មាន​ការទទួលស្គាល់ ​អាច​ត្រូវបាន​ស្នើសុំ​ឱ្យ​បំពេញការងារ​ដូចគ្នានឹង​អ្នក​ដែលមាន​វិញ្ញាបនបត្រ​កម្មដែរ។

អ្នកបកប្រែភាសាភាសាផ្ទាល់មាត់បណ្ដោះអាសន្នដែលមានការបញ្ជាក់ត្រឹមត្រូវ បានធ្វើតេស្តជំនាញបកប្រែភាសាផ្ទាល់មាត់របស់ពួកគេសម្រាប់ការសន្ទនាទូទៅ មិនស្មុគស្មាញ ជាទូទៅរវាងមនុស្សពីរនាក់។ ពាក្យថា ‘បណ្ដោះអាសន្ន’ ត្រូវបានប្រើដោយសារតែ NAATI មិនបានវាយតម្លៃជំនាញបកប្រែភាសាផ្ទាល់មាត់ទូលំទូលាយ ដែលបានធ្វើតេស្តនៅកម្រិតអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវនៅឡើយ។

កិច្ចការដែលត្រូវវាយតម្លៃដោយ NAATI
  • ការបកប្រែភាសាផ្ទាល់មាត់ជួបទល់មុខផ្ទាល់ (ឬវីដេអូ) និងពីចម្ងាយ (តាមទូរសព្ទ) រវាងអ្នកនិយាយភាសាអង់គ្លេស និងអ្នកនិយាយភាសាផ្សេងទៀត ដែលបានសម្របសម្រួលដោយអ្នកសម្តែងផ្ទាល់។

អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ អាចធ្វើការបកប្រែភាសាផ្ទាល់មាត់ស្មុគស្មាញក្នុងស្ថានភាពភាគច្រើន។ ពួកគេបានប្រឡងជាប់ការធ្វើតេស្តអ្នកបកប្រែភាសាផ្ទាល់មាត់បណ្ដោះអាសន្នដែលមានការបញ្ជាក់ត្រឹមត្រូវ ក៏ដូចជាការធ្វើតេស្តអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវជាមួយ NAATI។

កិច្ចការដែលត្រូវវាយតម្លៃដោយ NAATI
  • ការបកប្រែភាសាផ្ទាល់មាត់សម្រាប់កិច្ចសន្ទនារវាងមនុស្សពីរនាក់
  • ការបកប្រែភាសាផ្ទាល់មាត់នៃឯកសារនានាពីភាសាមួយ (ជាលាយលក្ខណ៍អក្សរ) ទៅភាសាមួយទៀត (ផ្ទាល់មាត់) (sight translation)។
  • ការបកប្រែភាសាផ្ទាល់មាត់ពីការនិយាយដ៏វែង​​របស់​មនុស្ស​តែ​ម្នាក់ (ការបកប្រែភាសាផ្ទាល់មាត់បន្តជាប់ៗគ្នា និងក្នុងពេលដំណាលគ្នា)

អ្នកបកប្រែភាសាផ្ទាល់មាត់ឯកទេសផ្នែកសុខភាពដែលមានការបញ្ជាក់ត្រឹមត្រូវ គឺជាអ្នកបកប្រែផ្ទាល់មាត់ដែលមានបទពិសោធន៍ និងមានសមត្ថភាពខ្ពស់ ដែលជាអ្នកជំនាញការក្នុងការបកប្រែភាសាផ្ទាល់មាត់នៅក្នុងវិស័យសុខភាព។ ពួកគេបានប្រឡងជាប់ការធ្វើតេស្តចំណេះដឹងផ្នែកវេជ្ជសាស្ត្រចអំពីចំណេះដឹងផ្នែកវេជ្ជសាស្ត្រទូទៅ និងតួនាទីរបស់អ្នកបកប្រែភាសាផ្ទាល់មាត់នៅក្នុងការថែទាំសុខភាព រួមទាំងសំណួរទាក់ទងនឹងរោគសាស្ត្រផ្នែកការនិយាយ។ ពួកគេក៏បានប្រឡងជាប់ការធ្វើតេស្តបកប្រែភាសាផ្ទាល់មាត់ ដែលវាយតម្លៃសមត្ថភាពរបស់ពួកគេលើការបកប្រែភាសាផ្ទាល់មាត់ក្នុងការទំនាក់ទំនងពីអ្នកជំនាញ ទៅអ្នកជំនាញ (ដូចជានៅពេលវេជ្ជបណ្ឌិតនិយាយជាមួយអ្នកជំនាញសុខភាពម្នាក់ទៀតអំពីអ្នកជំងឺ) និងបកប្រែភាសាមាត់នៅក្នុងវិស័យសុខភាពផ្លូវចិត្ត។ ពួកគេបានធ្វើការជាអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ និងបានទទួលការបណ្តុះបណ្តាលឯកទេសមុនពេលឡើងដល់កម្រិតនេះ។

កិច្ចការដែលត្រូវវាយតម្លៃដោយ NAATI
  • ការធ្វើតេស្តចំណេះដឹងផ្នែកសុខភាព
  • ការបកប្រែភាសាផ្ទាល់មាត់បន្តជាប់ៗគ្នាពីការនិយាយដ៏វែង​​របស់​មនុស្ស​តែ​ម្នាក់
  • ការបកប្រែភាសាផ្ទាល់មាត់ក្នុងពេលដំណាលគ្នា ពីការនិយាយដ៏វែង​​របស់​មនុស្ស​តែ​ម្នាក់ នៅក្នុងបរិបទសុខភាពផ្លូវចិត្ត
  • ការបកប្រែភាសាផ្ទាល់មាត់ពីការផ្តោះប្ដូរការនិយាយភាសាតែមួយ (ការបកប្រែភាសាផ្ទាល់មាត់ក្នុងពេលដំណាលគ្នា ពីអ្នកនិយាយភាសាអង់គ្លេសច្រើននាក់ក្នុងបរិបទស្មុគស្មាញ)

អ្នកបកប្រែភាសាផ្ទាល់មាត់ឯកទេសផ្នែកច្បាប់ដែលមានការបញ្ជាក់ត្រឹមត្រូវ (Certified Specialist Legal Interpreters) គឺជាអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានបទពិសោធន៍ និងមានសមត្ថភាពកម្រិតខ្ពស់ ដែលជាអ្នកជំនាញក្នុងការបកប្រែភាសាផ្ទាល់មាត់ក្នុងបរិបទផ្នែកច្បាប់។ ពួកគេបានប្រឡងជាប់ការតេស្តចំណេះដឹងផ្នែកច្បាប់ អំពីចំណេះដឹងផ្នែកច្បាប់ទូទៅ និងតួនាទីរបស់អ្នកបកប្រែភាសាផ្ទាល់មាត់ក្នុងបរិបទផ្នែកច្បាប់។ ពួកគេក៏បានប្រឡងជាប់ការធ្វើតេស្តបកប្រែភាសាផ្ទាល់មាត់ដែលវាយតម្លៃសមត្ថភាពរបស់ពួកគេក្នុងការបកប្រែភាសាផ្ទាល់មាត់នៅក្នុងការទំនាក់ទំនងរវាងអ្នកជំនាញ ទៅអ្នកជំនាញ (ដូចជាការផ្លាស់ប្តូររវាងចៅក្រម និងមេធាវី) និងការសួរសាក្សីរបស់ភាគីបដិបក្ខនៅក្នុងបន្ទប់តុលាការ។ ពួកគេបានធ្វើការជាអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវ និងបានទទួលការបណ្តុះបណ្តាលឯកទេសមុនពេលឡើងដល់កម្រិតនេះ។

កិច្ចការដែលត្រូវវាយតម្លៃដោយ NAATI
  • ការធ្វើតេស្តចំណេះដឹងផ្នែកច្បាប់
  • កិច្ចការសម្រង់កិច្ចសន្ទនា (ការបកប្រែភាសាផ្ទាល់មាត់បន្តជាប់ៗគ្នានៃសេណារីយ៉ូការសួរសាក្សីរបស់ភាគីបដិបក្ខបែបចម្លងត្រាប់)
  • ការបកប្រែភាសាផ្ទាល់មាត់បន្តជាប់ៗគ្នាពីការនិយាយដ៏វែង​​របស់​មនុស្ស​តែ​ម្នាក់
  • ការបកប្រែភាសាផ្ទាល់មាត់ពីការផ្តោះប្ដូរការនិយាយភាសាតែមួយ (ការបកប្រែភាសាផ្ទាល់មាត់ក្នុងពេលដំណាលគ្នា ពីអ្នកនិយាយភាសាអង់គ្លេសច្រើននាក់ក្នុងបរិបទស្មុគស្មាញ)

អ្នកបកប្រែភាសាផ្ទាល់មាត់សម្រាប់សន្និសីទដែលមានការបញ្ជាក់ត្រឹមត្រូវ អាចបកប្រែសារស្មុគស្មាញ និងឯកទេសខ្ពស់នៅក្នុងបរិបទសន្និសីទអន្តរជាតិ និងក្នុងស្រុកកម្រិតខ្ពស់ ដូចជាការចរចាសន្ធិសញ្ញា និងសន្និសីទការសិក្សា។ អ្នកបកប្រែផ្ទាល់មាត់ទាំងនេះ ជាធម្មតាមានការបណ្តុះបណ្តាលឯកទេសក្នុងការបកប្រែសម្រាប់សន្និសីទ និងបទពិសោធន៍យ៉ាងទូលំទូលាយ។ ឯកសារបញ្ជាក់គុណវុឌ្ឍិរបស់ពួកគេគ្របដណ្តប់លើទិសដៅភាសាមួយ (ឧទាហរណ៍ ភាសាជប៉ុនទៅភាសាអង់គ្លេស ឬភាសាអង់គ្លេសទៅភាសា Auslan) ទោះជាយ៉ាងណាក៏ដោយ អ្នកបកប្រែភាសាផ្ទាល់មាត់ខ្លះមានការរួមផ្សំភាសាច្រើន។

កិច្ចការដែលត្រូវវាយតម្លៃដោយ NAATI
  • ការបកប្រែភាសាផ្ទាល់មាត់ពីការនិយាយដ៏វែង​​របស់​មនុស្ស​តែ​ម្នាក់ (ការបកប្រែភាសាផ្ទាល់មាត់បន្តជាប់ៗគ្នា) នៃការនិយាយដែលមើលមិនឃើញ
  • ការបកប្រែភាសាផ្ទាល់មាត់ពីការនិយាយដ៏វែង​​របស់​មនុស្ស​តែ​ម្នាក់ក្នុងបន្ទប់ទប់សំឡេងមិនឱ្យឮសូរពីខាងក្រៅ (ការបកប្រែភាសាផ្ទាល់មាត់ក្នុងពេលដំណាលគ្នា) នៃការនិយាយដែលមើលឃើញ និងមើលមើលឃើញ
តើទំព័រនេះមានប្រយោជន៍ទេ?(តម្រូវឲ្យមាន)

មតិកែលម្អរបស់អ្នកជួយយើងកែលម្អទំព័រនេះ ហើយ NAATI ប្រើមតិកែលម្អនេះដើម្បីកែលម្អគេហទំព័ររបស់យើង។

ប្រសិនបើអ្នកត្រូវការការឆ្លើយតប សូមប្រើទម្រង់បែបបទទំនាក់ទំនងមកយើងរបស់យើង។

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.