ជ្រើសរើសភាសា

គេហទំព័រនេះនឹងបង្ហាញជាភាសាដែលអ្នកជ្រើសរើស។

របៀបធ្វើការជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់ ( interpreter)

ចំណាត់​ក្រុម ធ្វើការជាមួយអ្នកបកប្រែភាសាសរសេរ និងអ្នកបកប្រែភាសាផ្ទាល់មាត់ បានផ្សាយ 22 ខែ​មករា 2026


ការធ្វើការជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់ ជួយអ្នកឱ្យទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពជាមួយមនុស្សដែលនិយាយភាសាផ្សេងមកកាន់អ្នក។ អ្នកបកប្រែភាសាផ្ទាល់មាត់មិនមែនជាអ្នកចូលរួមក្នុងកិច្ចសន្ទនាទេ ពួកគេគឺជាស្ពាន។

អ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានការបញ្ជាក់ត្រឹមត្រូវពី NAATI នឹង៖

  • រៀបចំសម្រាប់កិច្ចការនោះតាមរយៈការស្រាវជ្រាវប្រធានបទដោយផ្អែកលើការផ្ដល់ព័ត៌មានសង្ខេបដែលពួកគេទទួលបាន
  • បកប្រែផ្ទាល់មាត់នូវអ្វីៗគ្រប់យ៉ាងឱ្យបានត្រឹមត្រូវ និងមិនលម្អៀង
  • មិនបន្ថែម លុប ឬផ្លាស់ប្តូរព័ត៌មាន ហើយនឹងមិនផ្តល់យោបល់ ដំបូន្មាន ឬការពន្យល់
  • ស្នើសុំការបំភ្លឺ ឬការធ្វើឡើងវិញប្រសិនបើចាំបាច់ ដើម្បីធានាបាននូវភាពត្រឹមត្រូវ
  • គ្រប់គ្រងស្ថានភាពដែលមនុស្សនិយាយស្កាត់គ្នា
  • រក្សាព័ត៌មានទាំងអស់អំពីកិច្ចការជាសម្ងាត់ រួមទាំងអ្វីគ្រប់យ៉ាងដែលបានពិភាក្សាក្នុងអំឡុងពេលវគ្គ។

ប្រព្រឹត្តចំពោះពួកគេដោយការគោរព និងអនុវត្តតាមគោលការណ៍ណែនាំទាំងនេះ ដើម្បីធានាបាននូវបទពិសោធន៍វិជ្ជាជីវៈសម្រាប់មនុស្សគ្រប់រូបដែលពាក់ព័ន្ធ។

មុនពេលវគ្គ

ជ្រើសរើសទម្រង់បកប្រែភាសាផ្ទាល់មាត់ និងទីតាំងត្រឹមត្រូវ

នៅពេលកក់អ្នកបកប្រែភាសាផ្ទាល់មាត់ សូមបញ្ជាក់ពីទម្រង់មួយណាដែលនឹងត្រូវប្រើ និងរបៀបដែលអ្នករំពឹងថាអ្នកបកប្រែភាសាផ្ទាល់មាត់នឹងចូលរួម ហើយត្រូវប្រាកដថាឧបករណ៍សមស្របត្រូវបានដាក់ឱ្យដំណើរការ។ ប្រសិនបើអ្នកមិនប្រាកដទេ អ្នកផ្តល់សេវាកម្មភាសារបស់អ្នក ឬអ្នកបកប្រែផ្ទាល់មាត់អាចផ្តល់ដំបូន្មានអំពីវិធីសាស្រ្តដ៏ល្អបំផុត។

ទម្រង់បកប្រែភាសាផ្ទាល់មាត់

ការបកប្រែភាសាផ្ទាល់មាត់បន្តជាប់ៗគ្នា៖ អ្នកបកប្រែភាសាផ្ទាល់មាត់រង់ចាំអ្នកនិយាយផ្អាក មុនពេលបកប្រែនូវអ្វីដែលបាននិយាយ។ ទម្រង់នេះត្រូវបានគេប្រើប្រាស់ជាទូទៅនៅក្នុងការណាត់ជួប ឬកិច្ចប្រជុំតូចៗ។ វគ្គនេះនឹងចំណាយពេលប្រហែលពីរដងយូរជាងកិច្ចសន្ទនាជាភាសាមួយ ដូច្នេះសូមផ្តល់ពេលវេលាបន្ថែមនៅក្នុងគម្រោងពេលរបស់អ្នក។

ការបកប្រែភាសាផ្ទាល់មាត់ក្នុងពេលដំណាលគ្នា៖ អ្នកបកប្រែភាសាផ្ទាល់មាត់បកប្រែក្នុងពេលជាក់ស្តែង ជាធម្មតាប្រើឧបករណ៍ឯកទេសដូចជាកាស ឬបន្ទប់បកប្រែភាសាផ្ទាល់មាត់។ ទម្រង់នេះដំណើរការល្អបំផុតសម្រាប់កិច្ចប្រជុំធំៗ សន្និសីទ ឬការពិភាក្សាជាក្រុម ដែលអ្នកត្រូវការរក្សាលំហូរនៃការទំនាក់ទំនង។ ដោយសារតែវាជាការងារដែលទាមទារផ្លូវចិត្ត នេះត្រូវបានណែនាំឱ្យមានអ្នកបកប្រែភាសាផ្ទាល់មាត់យ៉ាងហោចណាស់ពីរនាក់ដែលអាចប្តូរវេនគ្នាដើម្បីរក្សាភាពត្រឹមត្រូវ និងជៀសវាងភាពអស់កម្លាំង។

ការផ្ដល់ការបកប្រែភាសាផ្ទាល់មាត់

ជួបទល់មុខផ្ទាល់ (នៅនឹងកន្លែង ឬដោយផ្ទាល់)៖ ការបកប្រែភាសាផ្ទាល់មាត់ដោយជួបទល់មុខផ្ទាល់គឺល្អបំផុតសម្រាប់ស្ថានភាពស្មុគស្មាញនានា ពីព្រោះវាអនុញ្ញាតឱ្យមានសញ្ញាមិនប្រើពាក្យសំដីដូចជាភាសាកាយវិការ។ វាមានន័យថាអ្នកបកប្រែភាសាផ្ទាល់មាត់នឹងនៅក្នុងបន្ទប់ជាមួយអ្នក។ ភាពអាចរកបានអាចមានកំណត់នៅតាមតំបន់ជនបទ ឬតំបន់ភូមិភាគនានា និងនៅក្នុងភាសាមួយចំនួន។

វីដេអូ៖ ការបកប្រែភាសាផ្ទាល់មាត់តាមវីដេអូគឺជាជម្រើសល្អបំផុតទីពីរបន្ទាប់ពីការបកប្រែភាសាផ្ទាល់មាត់ដោយជួបទល់មុខផ្ទាល់ ពីព្រោះពួកគេនៅតែឃើញសញ្ញាមិនប្រើពាក្យសំដីពីអ្នកចូលរួមនានា។ ការបកប្រែ‌ភាសាផ្ទាល់មាត់តាមវីដេអូមានប្រយោជន៍នៅពេលមិនអាចរកបានអ្នកបកប្រែភាសាផ្ទាល់មាត់នៅនឹងកន្លែង ជាពិសេសសម្រាប់ការកក់ដោយជូនដំណឹងរយៈពេលខ្លី ឬប្រភពភាសាដែលពិបាករក។ ការបកប្រែផ្ទាល់មាត់តាមវីដេអូគឺសមរម្យសម្រាប់ភាសា Auslan (ភាសាសញ្ញាអូស្ត្រាលី) និងភាសានិយាយ ប៉ុន្តែតម្រូវឱ្យមានអ៊ីនធឺណិតដែលអាចទុកចិត្តបាន និងឧបករណ៍ត្រឹមត្រូវ។

ទូរសព្ទ៖ ការបកប្រែភាសាផ្ទាល់មាត់តាមទូរសព្ទគឺជាទម្រង់នៃការបកប្រែភាសាផ្ទាល់មាត់ដែលងាយស្រួលរកបានបំផុត។ វាមានប្រយោជន៍បំផុតសម្រាប់ការទំនាក់ទំនងខ្លីៗ មិនស្មុគស្មាញ។

ជ្រើសរើសអ្នកបកប្រែភាសាផ្ទាល់មាត់ដែលត្រឹមត្រូវ

  • ត្រូវប្រាកដថាអ្នកបកប្រែភាសាផ្ទាល់មាត់នោះ មានការបញ្ជាក់ត្រឹមត្រូវពី NAATI។ អ្នកអាច ពិនិត្យមើលវិញ្ញាបនបត្រកម្ម NAATI ដោយប្រើប្រាស់លេខអ្នកអនុវត្តវិជ្ជាជីវៈដែលមានការបញ្ជាក់ត្រឹមត្រូវ (CPN) របស់ពួកគេ។
  • កុំប្រើក្រុមគ្រួសារ ឬមិត្តភក្តិជាអ្នកបកប្រែភាសាផ្ទាល់មាត់ ទោះបីជាវាមានអារម្មណ៍ថាងាយស្រួលក៏ដោយ។ ពួកគេអាចខ្វះភាពមិនលម្អៀង ការបណ្តុះបណ្តាល ឬជំនាញភាសា។ នេះអាចប្រឈមនឹងហានិភ័យនៃការសម្ងាត់ ភាពត្រឹមត្រូវ និងវិជ្ជាជីវៈនិយម។
  • សូមបញ្ជាក់ថាអ្នកបកប្រែភាសាផ្ទាល់មាត់បំពេញបានតាមតម្រូវការនៃកិច្ចការនោះ។ តើអ្នកត្រូវការអ្នកបកប្រែភាសាផ្ទាល់មាត់ដែលមានភេទជាក់លាក់ឬទេ? តើពួកគេត្រូវការជំនាញក្នុងវិស័យជំនាញជាក់លាក់ណាមួយ ដូចជាសុខភាព ឬច្បាប់ដែរឬទេ?

ផ្ដល់ព័ត៍មានសង្ខេបដល់អ្នកបកប្រែភាសាផ្ទាល់មាត់

នៅពេលណាដែលអាចធ្វើទៅបាន សូមផ្តល់ព័ត៌មានសង្ខេបដល់អ្នកបកប្រែភាសាផ្ទាល់មាត់នៅមុនពេលធ្វើកិច្ចការនោះ។ ការផ្តល់ព័ត៌មានសង្ខេបគឺជាកន្លែងដែលអ្នកចែករំលែកគោលបំណងនៃកិច្ចប្រជុំ អ្នកណានឹងមានវត្តមាន និងព័ត៌មានលម្អិតសំខាន់ៗណាមួយដែលអ្នកបកប្រែភាសាផ្ទាល់មាត់គួរដឹង។ សូម្បីតែកិច្ចសន្ទនាសង្ខេបខ្លីៗជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់ជាមុន ក៏អាចមានន័យថាមានការរំខានតិចជាងហើយការទំនាក់ទំនងក៏កាន់តែរលូន។

ការផ្ដល់ព័ត៍មានសង្ខេបអាចរួមមាន៖

  • ការផ្តល់ហេតុការណ៍ជុំវិញព័ត៌មានអំពីប្រធានបទ គោលដៅ និងអ្នកចូលរួមនានា។
  • ផ្ដល់ដំបូន្មានពីភាសាបច្ចេកទេសណាមួយ វាក្យសព្ទឯកទេស ឬគ្រាមភាសាជាក់លាក់ ដើម្បីឱ្យអ្នកបកប្រែភាសាផ្ទាល់មាត់អាចរៀបចំបកប្រែវាបានត្រឹមត្រូវ។
  • អនុញ្ញាតឱ្យពួកគេដឹងថាតើកិច្ចប្រជុំនឹងមានលក្ខណៈរំជួលចិត្ត បច្ចេកទេស ឬរសើបឬអត់។

ប្រសិនបើកិច្ចការនោះមានភាពស្មុគស្មាញ សូមអនុញ្ញាតឱ្យមានការជូនដំណឹងគ្រប់គ្រាន់ដល់អ្នកបកប្រែភាសាផ្ទាល់មាត់ដើម្បីរៀបចំ និងស្រាវជ្រាវ ប្រសិនបើអាចធ្វើទៅបាន។ ការរៀបចំនេះជួយធានាការបកប្រែភាសាផ្ទាល់មាត់បានត្រឹមត្រូវ និងកាត់បន្ថយបន្ទុកការងាររបស់អ្នកបកប្រែភាសាផ្ទាល់មាត់ក្នុងអំឡុងពេលវគ្គ។

រៀបចំផែនការព័ត៌មានជាលម្អិត

ការបកប្រែភាសាផ្ទាល់មាត់ដោយជួបទល់មុខផ្ទាល់ តម្រូវឱ្យអ្នក អ្នកបកប្រែភាសាផ្ទាល់មាត់ និងអតិថិជនមានវត្តមានផ្ទាល់នៅក្នុងទីតាំងតែមួយ។ រៀបចំកន្លែងអង្គុយដើម្បីឱ្យអ្នកជំងឺ អ្នកបកប្រែភាសាផ្ទាល់មាត់ និងគ្រូពេទ្យបង្កើតជារាងត្រីកោណមួយ។ ការនេះលើកកម្ពស់ការទំនាក់ទំនងច្បាស់លាស់ និងធានាថាមនុស្សគ្រប់រូបត្រូវបានរួមបញ្ចូល។

សម្រាប់ការបកប្រែភាសាផ្ទាល់មាត់ជាភាសា Auslan (ភាសាសញ្ញាអូស្ត្រាលី)៖ អ្នកបកប្រែភាសាផ្ទាល់មាត់គួរតែអង្គុយ ឬឈរក្បែរអ្នកជំនាញថែទាំសុខភាព និងទល់មុខអ្នកជំងឺ។ វិធីនេះអនុញ្ញាតឱ្យអ្នកជំងឺដែលថ្លង់ រក្សាការទំនាក់ទំនងតាមភ្នែកជាមួយអ្នកនិយាយ និងសង្កេតមើលភាសាកាយវិការ។ សម្រាប់វគ្គដែលវែងវាង អ្នកបកប្រែភាសាផ្ទាល់មាត់ពីរនាក់អាចឆ្លាស់វេនគ្នា។

ការបកប្រែភាសាផ្ទាល់មាត់តាមទូរសព្ទ និងសន្និសីទតាមវីដេអូ អនុញ្ញាតឱ្យមានភាពបត់បែន – អ្នកបកប្រែភាសាផ្ទាល់មាត់ ឬអតិថិជនអាចមានវត្តមានជាមួយអ្នក ឬមនុស្សម្នាក់ៗអាចនៅក្នុងទីតាំងដាច់ដោយឡែកពីគ្នា។ ត្រូវប្រាកដថាបច្ចេកវិទ្យាដំណើរការបានត្រឹមត្រូវមុនពេលវគ្គចាប់ផ្តើម។

សូមចងចាំថាត្រូវផ្តល់ពេលវេលាបន្ថែមសម្រាប់ការបកប្រែភាសាផ្ទាល់មាត់។ កិច្ចសន្ទនានានានឹងចំណាយពេលយូរជាងកិច្ចសន្ទនាជាភាសាតែមួយ។

ក្នុងអំឡុងពេលវគ្គ

អ្វីខ្លះដែលត្រូវធ្វើ

  • ត្រូវប្រាកដថាអ្នកបកប្រែភាសាផ្ទាល់មាត់ និងតួនាទីរបស់ពួកគេត្រូវបានណែនាំ។ អ្នកអាចចាប់ផ្តើមដោយសេចក្តីថ្លែងសាមញ្ញមួយដូចជា៖ “នេះគឺជាអ្នកបកប្រែភាសាផ្ទាល់មាត់របស់យើង ដែលនឹងជួយយើងទំនាក់ទំនងនៅថ្ងៃនេះ។ អ្វីៗគ្រប់យ៉ាងដែលយើងនិយាយនឹងត្រូវបានបកប្រែយ៉ាងត្រឹមត្រូវ និងសម្ងាត់”។ អ្នកបកប្រែភាសាផ្ទាល់មាត់អាចណែនាំខ្លួនឯង។ រម្លឹកអ្នកចូលរួមថា អ្នកបកប្រែភាសាផ្ទាល់មាត់នឹងនិយាយក្នុងឋានៈជាមនុស្សទីមួយ (មានន័យថា “ខ្ញុំ”, “យើង”) ដើម្បីរក្សាលំហូរកិច្ចសន្ទនាតាមធម្មតា។
  • និយាយដោយផ្ទាល់ទៅកាន់បុគ្គលផ្សេងទៀត មិនមែនអ្នកបកប្រែភាសាផ្ទាល់មាត់ទេ។ និយាយថា “តើអ្នកមានអារម្មណ៍យ៉ាងណាដែរនៅថ្ងៃនេះ?” មិនមែន “សូមសួរនាងថានាងមានអារម្មណ៍យ៉ាងណាដែរ”។ រក្សាការទំនាក់ទំនងតាមភ្នែកជាមួយបុគ្គលផ្សេងទៀត លុះត្រាតែរឿងនេះមិនសមរម្យខាងវប្បធម៌។
  • ប្រើភាសាច្បាស់លាស់ និងសាមញ្ញ។ ជៀសវាងពាក្យមិនផ្លូវការ គ្រាមភាសា អក្សរកាត់ ឬការប្រៀបធៀបស្មុគស្មាញនានា។ ផ្អាកជាប្រចាំដើម្បីទុកពេលសម្រាប់ការបកប្រែភាសាផ្ទាល់មាត់។
  • អនុញ្ញាតឱ្យអ្នក​បកប្រែភាសាផ្ទាល់មាត់និយាយចប់​មុន​នឹង​បន្ត។ ការនេះធានានូវភាពត្រឹមត្រូវ និងបង្ការការផ្តល់ព័ត៌មានច្រើនលើសលប់។
  • ចូរអត់ធ្មត់។ ភាសាខ្លះត្រូវការពាក្យច្រើន ឬតិចជាងដើម្បីបង្ហាញអត្ថន័យដូចគ្នា។ ការស្ងាត់ស្ងៀមខ្លះក្នុងអំឡុងពេលបកប្រែគឺជារឿងធម្មតាទេ។
  • បំភ្លឺឱ្យបានច្បាស់នៅពេលចាំបាច់។ ប្រសិនបើមានអ្វីមួយហាក់ដូចជាមិនច្បាស់លាស់ សូមស្នើឱ្យអ្នកបកប្រែភាសាផ្ទាល់មាត់និយាយឡើងវិញ ឬពន្យល់។ លើកទឹកចិត្តអ្នកបកប្រែភាសាផ្ទាល់មាត់ឱ្យនិយាយឱ្យខ្លាំង ប្រសិនបើពួកគេត្រូវការអ្វីមួយឱ្យបំភ្លឺ។ ប្រសិនបើអ្នកបកប្រែភាសាផ្ទាល់មាត់ត្រូវការការបំភ្លឺ សូមស្នើឱ្យពួកគេជូនដំណឹងដល់បុគ្គលផ្សេងទៀតអំពីអ្វីដែលពួកគេកំពុងសួរ។

អ្វីខ្លះដែលត្រូវជៀសវាង

  • កុំរំខានអ្នកបកប្រែភាសាផ្ទាល់មាត់ ឬបុគ្គលផ្សេងទៀតនៅពាក់កណ្តាលប្រយោគ។ ការរំខានអាចនាំឱ្យមានការភាន់ច្រឡំ ឬការប្រាស្រ័យទាក់ទងខុស។
  • កុំស្នើសុំយោបល់ ឬដំបូន្មានពីអ្នកបកប្រែភាសាផ្ទាល់មាត់។ តួនាទីរបស់ពួកគេគឺបកប្រែភាសាផ្ទាល់មាត់ មិនមែនសម្របសម្រួល តស៊ូមតិ ឬផ្តល់ទស្សនៈផ្ទាល់ខ្លួននោះទេ។
  • កុំចូលរួមពាក់ព័ន្ធក្នុងកិច្ចសន្ទនាក្រៅផ្លូវការជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់។ អ្នកបកប្រែភាសាផ្ទាល់មាត់នឹងបកប្រែនូវអ្វីៗគ្រប់យ៉ាងដែលអ្នកនិយាយ ដូច្នេះកុំនិយាយអ្វីដែលអ្នកមិនចង់ឱ្យអ្នកបកប្រែភាសាផ្ទាល់មាត់បកប្រែទៅជាភាសាផ្សេងទៀត។

បន្ទាប់ពីវគ្គ

  • ការសួរយកព័ត៌មានប្រសិនបើចាំបាច់។ សូមពិភាក្សាជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់ប្រសិនបើមានបញ្ហាណាមួយកើតឡើង ឬប្រសិនបើត្រូវការមតិកែលម្អ។ ត្រូវបើកចំហចំពោះការផ្ដល់យោបល់នានាសម្រាប់ការកែលម្អ។ អ្នកបកប្រែភាសាផ្ទាល់មាត់ធ្វើការជាមួយអ្នកជំនាញជាច្រើន ហើយអាចផ្តល់ដំបូន្មានមានដ៏មានប្រយោជន៍ដើម្បីកែលម្អការទំនាក់ទំនងនៅក្នុងវគ្គនានាក្នុងពេលអនាគត។
  • រក្សាការសម្ងាត់។ ចាត់ទុកវគ្គបកប្រែផ្ទាល់មាត់តាមរបៀបដូចគ្នានឹងអ្នកចាត់ទុកការទំនាក់ទំនងដោយផ្ទាល់ណាមួយដែរ។ ព័ត៌មានទាំងអស់ដែលបានចែករំលែកនៅតែជាការសម្ងាត់។

ធនធានបន្ថែម

សម្រាប់ព័ត៌មានបន្ថែមអំពីការធ្វើការជាមួយអ្នកបកប្រែភាសាផ្ទាល់មាត់ សូមចូលមើល៖

តើទំព័រនេះមានប្រយោជន៍ទេ?(តម្រូវឲ្យមាន)

មតិកែលម្អរបស់អ្នកជួយយើងកែលម្អទំព័រនេះ ហើយ NAATI ប្រើមតិកែលម្អនេះដើម្បីកែលម្អគេហទំព័ររបស់យើង។

ប្រសិនបើអ្នកត្រូវការការឆ្លើយតប សូមប្រើទម្រង់បែបបទទំនាក់ទំនងមកយើងរបស់យើង។

This site is registered on wpml.org as a development site. Switch to a production site key to remove this banner.